Home » » ធី សុវណ្ណថា៖ «ខ្ញុំ​ចូល​រួម​សកម្មភាព​នយោបាយ​តាំង​ពី​សម្បុរ ស រហូត​ដល់​ខ្មៅ»

ធី សុវណ្ណថា៖ «ខ្ញុំ​ចូល​រួម​សកម្មភាព​នយោបាយ​តាំង​ពី​សម្បុរ ស រហូត​ដល់​ខ្មៅ»

Written By Unknown on Tuesday, January 7, 2014 | 9:38 PM


ខ្ញុំ​ចង់​លើក​កម្ពស់​ស្រ្តី។ ចង់​ឲ្យ​យុវតី ឬ​ស្រ្តី​មាន​សិទ្ធិ​ស្មើ​គ្នា។ ក៏​ប៉ុន្តែ​នៅ​ក្នុង​សង្គម​ខ្មែរ កិច្ចការ​នយោបាយ មាន​ការ​ចូល​រួម​ពី​ស្ត្រី​តិចតួច​បំផុត។ ផ្ទុយ​ទៅ​វិញ​ចំនួន​ស្ត្រី​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ជាង​បុរស។ ដូច្នេះ​បើ​សិន​ជា ស្ត្រី​យល់​ច្បាស់​ពី​សិទ្ធិ​ខ្លួន​ក្នុង​សង្គម នោះ​ពួក​គេ​នឹង​អាច​គេច​ផុត​ពី​ការ​គាប​សង្កត់​ក្នុង​គ្រួសារ ឬ​អំពើ​ហិង្សា​នានា»។ នេះ​ជា​សម្តី​របស់ កញ្ញា ធី សុវណ្ណថា វ័យ ១៨ ឆ្នាំ បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់ ទី១១ នៃ​សាលា​អន្តរជាតិ Adventist។ ជា​ទូទៅ​យុវជន​ជាច្រើន​បាន​ប្រទះ​ឃើញ​កញ្ញា សុវណ្ណថា ក្នុង​សកម្មភាព​នយោបាយ ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​ការ​ដឹក​នាំ​ហែរ​ក្បួន​យុវជន​ជាដើម ជា​ពិសេស​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក។ កញ្ញា​មាន​ប្រភព​ពី​ក្រុម​គ្រួសារ​ជា​អ្នក​ជំនួញ ដែល​មាន​ប្អូន​ប្រុស ៣ រូប ហើយ​កញ្ញា​ជា​កូន​ស្រី​ច្បង។ យុវតី​រូប​នេះ បាន​បន្ថែម​ទៀត​ថា ខ្លួន​មិន​រួញរា​ចំពោះ​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ឡើយ បើ​ទោះ​ជា​សកម្មភាព​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្លួន​ប្រែ​ពី​
សម្បុរ​ពី ស មក​ជា​ខ្មៅ លែង​មាន​សម្រស់​ស្អាត​ដូច​មុន​យ៉ាង​ណា​ក្តី។ សុវណ្ណថា បាន​បន្ត​ទៀត​ថា «សម្រស់​សម្រាប់​ស្រ្តី វា​សំខាន់​មែន ក៏​ប៉ុន្តែ​សមត្ថភាព និង​តម្លៃ​ការងារ​របស់​ស្ត្រី​ទើប​ជា​អ្វី​ដែល​សំខាន់​ជាង។ ខ្ញុំ​មិន​ធ្លាប់​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ឡើយ»។ កញ្ញា ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា ការ​ចូល​រួម​របស់​ខ្លួន​ក្នុង​សកម្មភាព​នយោបាយ​នេះ ជា​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​យុវជន​មួយ​រូប​ក្នុង​សង្គម។ កញ្ញា​និយាយ​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជា​យុវតី​មួយ​រូប​ដែល​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​មេ​ដឹក​នាំ​ល្អ មាន​ការ​រីក​ចម្រើន ខ្ញុំ​មិន​ចង់​ធ្វើ​ជា​យុវជន​មួយ​ដែល​មាន​ការ​អប់រំ​ល្អ ប៉ុន្តែ​រស់​នៅ​ក្នុង​សង្គម​ដែល​កខ្វក់»។ រាល់​ការ​សម្រេច​ចិត្ត អ្វី ឬ​ការ​ធ្វើ​អ្វី​មួយ តែង​តែ​មាន​បញ្ហា​ប្រឈម។ ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​របស់ សុវណ្ណថា ក៏​ដូច​គ្នា​ដែរ ក្នុង​នោះ​រួម​មាន​ការ​ប៉ះពាល់​ដល់​ការ​សិក្សា ការ​បារម្ភ​ពី​ក្រុម​គ្រួសារ ព្រម​ទាំង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាដើម។ កញ្ញា​បាន​និយាយ​ថា៖ «ការ​ភ័យ​ខ្លាច​គឺ​អត់​មាន​ទេ ក៏​ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​គឺ​នៅ​តែ​មាន។ អ្វី​ដែល​ខ្ញុំ​បារម្ភ​បំផុត​នោះ គឺ​ការ​លាប​ពណ៌ ហេតុ​នេះ​រាល់​ការ​និយាយ​ស្តី និង​ការ​ធ្វើ​អ្វី​មួយ​ខ្ញុំ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ»។ យុវតី​រូប​នេះ ចាត់​ទុក​ទីលាន​ប្រជាធិបតេយ្យ​ដូច​ជា​ផ្ទះ ទី២ របស់​ខ្លួន។ ជា​ទូទៅ​ក្រៅ​ពី​ចំណាយ​ពេល​នៅ​ផ្ទះ​ខ្លះ និង​ម៉ោង​សិក្សា​នៅ​សាលា សុវណ្ណថា ចំណាយ​ពេល​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​រាប់​បញ្ចូល​ទាំង​ការ​គេង នៅ​ទី​នោះ​ពេល​យប់​ផង​ដែរ។ នៅ​ឯ​សាលារៀន សុវណ្ណថា នៅ​តែ​ព្យាយាម​ថែរក្សា​ចំណង​មិត្តភាព​របស់​ខ្លួន​បាន​ល្អ បើ​ទោះ​ជា​សមាសភាព​មិត្ត​រួម​ថ្នាក់​ចម្រុះ ឬ​មាន​និន្នាការ​នយោបាយ​ដោយ​ឡែក​ពី​គ្នា​យ៉ាង​ណា​ក្តី។ សុវណ្ណថា មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ស្ត្រី​មួយ​រូប​នៅ​ពេល​អនាគត ព្រម​ទាំង​មាន​បំណង​ចង់​បង្កើត​ជា​អង្គការ​ដែល​មាន​លក្ខណៈ​ជា​ការងារ ឬ​សកម្មភាព​សង្គម (Community Service)។
Share this article :

0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. bongthomkh - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger