Home » » កម្លាំង​ចម្រុះ​ប្រមាណ​១​ពាន់​នាក់​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​បណ្ដេញ​បាតុករ

កម្លាំង​ចម្រុះ​ប្រមាណ​១​ពាន់​នាក់​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​បណ្ដេញ​បាតុករ

Written By Unknown on Saturday, January 4, 2014 | 4:47 AM

 កម្លាំង​ចម្រុះ​ប្រមាណ​១​ពាន់​នាក់​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​បណ្ដេញ​បាតុករ
កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ បាន​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រយ​នាក់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ហើយ​នៅ​ម៉ោង​ជាង ១១​ព្រឹក​នេះ។ បន្ទាប់​ពី​បណ្ដេញ​បាតុករ ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ បាន​រុះរើ​រោង​ស្នាក់ និង​ប្រមូល​សម្ភារៈ​ដែល​នៅ​សេសសល់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។


ចាប់​តាំង​ពី​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា នេះ កង​កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ ប្រមាណ ១​ពាន់​នាក់ បាន​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បណ្ដេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ កម្លាំង​ចម្រុះ​ទាំង​នោះ បាន​រារាំង​មិន​អោយ​មាន​ពលរដ្ឋ​បន្ថែម​ទៀត​អោយ​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ។

ការ​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺ​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ ចេញ​បម្រាម​មិន​អោយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទៀត​ឡើយ។

សាលា​រាជធានី​ភ្នំពេញ បាន​ហាម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​គណបក្ស​នេះ​បន្ត​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ឡើយ។
សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​ថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​សកម្មភាព​អុចអាល​ញុះញង់​នានា បាន​នាំ​ទៅ​ដល់​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា បាត់​បង់​អាយុ​ជីវិត​មនុស្ស ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន និង​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ។

ទន្ទឹម​នឹង​គ្នា​នេះ បាតុករ​មួយ​ចំនួន​ដែល​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​រួម​ទាំង​ព្រះសង្ឃ​ខ្លះ​ផង ក៏​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់ និង​អុកឡុក​តាម​ដង​ផ្លូវ តាម​រោងចក្រ និង​តាម​ស្ថាប័ន​រដ្ឋ​នានា ដោយ​គ្មាន​ការ​គ្រប់គ្រង និង​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អ្នក​ដឹក​នាំ​បាតុកម្ម​ឡើយ។
Share this article :

0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. bongthomkh - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger