ភ្នំពេញៈ មេធាវីនិងក្រុមគ្រួសារសកម្មជនសិទ្ធិមនុស្សនិងកម្មករដែលត្រូវបាន ឃុំក្នុងការបង្ក្រាបដោយកងទ័ពឆត្រយោង ៩១១ នៅពេលទាមទារដំឡើងប្រាក់ខែគោលកម្មករ ១៦០ ដុល្លារក្នុងមួយខែ ដែលតុលាការចោទពីបទបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាបានអំពាវនាវឲ្យមន្ត្រី ពន្ធនាគារបង្ហាញពីទីតាំងឃុំខ្លួនបណ្ណោះអាសន្នកូនក្តី និងគ្រួសាររបស់គេ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃ
សេដ្ឋកិច្ចក្រៅប្រព័ន្ធដែល ត្រូវបានឃាត់ខ្លួននៅក្នុងពន្ធនាគារបណ្តោះអាសន្នបានថ្លែង ឲ្យដឹងថា អ្នកស្រីពុំបានដឹងថា តើគ្រួសាររបស់អ្នកស្រីត្រូវបានគេយកទៅឃុំខ្លួននៅឯណានោះទេ ពីព្រោះអ្នកស្រីនិងមេធាវី ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានទៅរកគាត់នៅមន្ទីរ កែប្រែអស់ហើយតែពុំឃើញគាត់សោះ។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «គេថាយកប្តីខ្ញុំទៅឃុំខ្លួននៅពន្ធនាគារ ព្រៃស នៅពេលយើងទៅរកគាត់នៅ ព្រៃស អត់ឃើញ ក្រោយមកយើងឮពាក្យចចាមអារ៉ាម ថា គាត់នៅពន្ធនាគារ ពោធិ៍សាត់ តែនៅពេលយើងទៅរកអត់ឃើញ តើគេយកប្តីខ្ញុំទៅណា? ខ្ញុំចង់ជួបប្តីខ្ញុំ តើសុខទុក្ខគាត់យ៉ាងណាពីព្រោះខ្ញុំមិនដែលបានជួបគាត់ទេតាំងពី ថ្ងៃដែលគេវាយទាត់យើងចាប់គាត់ដាក់ពន្ធនាគារ»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា មេធាវីរបស់ប្តី អ្នកស្រីត្រូវការជួបប្តីរបស់ខ្លួនដើម្បីសួរនាំរឿងបន្ថែម ប៉ុន្តែមេធាវីគាត់បានទៅសួរព្រះរាជអាជ្ញាគេថា ឲ្យទៅសួរប៉ូលិស ហើយនៅពេលដែលមេធាវីទៅសួរស្នងការគេថា ផុតដៃគេហើយឲ្យទៅសួរព្រះរាជអាជ្ញាវិញ។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «បើមេធាវីការពារកូនក្តីហើយមិនមានកូនក្តីតើឲ្យការពារឲ្យអ្នក ណា? ខ្ញុំសូមថ្កោលទោសរដ្ឋាភិបាលនិងព្រះរាជអាជ្ញាពីព្រោះប្តីខ្ញុំពុំ បានទទួលការព្យាបាលរបួសគាត់ដែលត្រូវបានទាហានវាយនោះទេ»។
អ្នកស្រី អ៊ឹម សាវលាង អាយុ ៣១ ឆ្នាំ ដែលជាភរិយារបស់លោក យ៉ុង សំអន ជាកម្មករបម្រើការនៅរោងចក្រ យ៉ាកជីន បានថ្លែងឲ្យដឹងថា អ្នកស្រីបានដើរស្វែងរកប្តីរបស់អ្នកស្រីគ្រប់ពន្ធនាគារហើយតែ ពុំបានជួបមុខប្តីរបស់អ្នកស្រីសោះ។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «គេថាប្តីនៅ ព្រៃស សុំគេចូល ព្រៃស មិនឃើញ គេថានៅគុក ពោធិ៍សាត់ ទៅរកក៏មិនឃើញខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ។ ខ្ញុំឲ្យអាជ្ញាធរប្រាប់មកថា ប្តីខ្ញុំឃុំខ្លួននៅឯណា ប្តីខ្ញុំនៅថ្ងៃនោះគាត់មិនបានទៅតវ៉ាទេគាត់គ្រាន់ជិះម៉ូតូ កាត់ក៏ត្រូវបានគេចាប់តែម្តង»។
ចំណែកឯលោក ពេជ្រ ភឿន ដែលជាពូរបស់ជនរងគ្រោះឈ្មោះ ជ្រូក អាយុ ១៨ ឆ្នាំ ដែលបានបាត់ខ្លួនហើយត្រូវក្រុមគ្រួសារធ្វើបុណ្យឲ្យតាមប្រពៃណី នោះបានថ្លែងថា ម្តាយរបស់ជនរងគ្រោះពុំអាចនិយាយបានទេគឺគាត់សន្លប់រហូត បន្ទាប់ពីបាត់ដំណឹងកូនរបស់គាត់ ហើយមិត្តភក្តិបានប្រាប់ថា ត្រូវគេបាញ់សម្លាប់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ពួកម៉ាកវាដែលត្រូវរបួសត្រង់ស្មា បាននិយាយថាវាត្រូវបានគេបាញ់ត្រូវចំដើមទ្រូងហើយដួល ប៉ុន្តែត្រូវបានសមត្ថកិច្ចលើកបោះដាក់លើឡានបាត់ ហើយយើងព្យាយាមរកមិនឃើញក៏សម្រេចធ្វើបុណ្យឲ្យវាតែម្តង»។
លោក ជួង ជូងី មេធាវីការពារក្តីឲ្យជនរងគ្រោះបានថ្លែងឲ្យដឹងថា លោកពុំដឹងថា កូនក្តីរបស់លោកទាំងអស់ត្រូវបានឃុំខ្លួនបណ្ណោះអាសន្ននៅឯណានោះ ទេ ហើយក្រុមការងាររបស់លោកបានទាក់ទងទៅអគ្គនាយកដ្ឋានពន្ធនាគារ ប៉ុន្តែពុំទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ។
លោកបានឲ្យដឹងថា៖ «យើងពុំដឹងមូលហេតុច្បាស់ថា តើហេតុអីបានជាគេលាក់ព័ត៌មានឃុំខ្លួនកូនក្តីខ្ញុំនោះទេ ខ្ញុំត្រូវការជួបពួកគាត់ដើម្បីឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅថា មានមេធាវី បើមិនដូច្នោះទេពួកគាត់នឹងមានអារម្មណ៍ថា គ្មានភាពកក់ក្តៅ»។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃ បានថ្លែងឲ្យ ដឹងថា លោកបានឲ្យប្រធានពន្ធនាគារធ្វើរបាយការណ៍មកលោកហើយ។
លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំមិនដឹងដែរ ហើយរហូតមកដល់ពេលនេះខ្ញុំក៏មិនទាន់ដឹងឈ្មោះថា អ្នកណាខ្លះត្រូវបានឃុំខ្លួនដែរ»។
លោក ស៊ុន លាង ប្រធានពន្ធនាគារ ព្រៃស បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងទេ»។
នៅក្នុងព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅរោងចក្រ យ៉ាកជីន ដោយកងកម្លាំងឆត្រយោង ៩១១ នៅថ្ងៃ ទី២ ខែ មករា ឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងកម្មករ ១០ នាក់ និងព្រះសង្ឃចំនួន ៥អង្គ ប៉ុន្តែនៅម៉ោង ១២ យប់ព្រះសង្ឃត្រូវបានដោះលែងវិញ ហើយនៅថ្ងៃ ទី៣ ក្នុងព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅតាមបណ្តោយផ្លូវ វ៉េងស្រេង ដោយប្រើគ្រាប់កាំភ្លើងពិតបានបណ្តាលឲ្យកម្មករ ៤ នាក់ស្លាប់និង ១៣ នាក់ត្រូវបានឃាត់ខ្លួន។ អ្នកទាំង ២៣ នាក់អ្នកត្រូវបានតុលាការសម្រេចចោទពីបទបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្ស អាដហុក ថ្លែងថា ការអនុវត្តនីតិវិធីរបស់តុលាការគឺខុសនីតិវិធីតាំងពីចំណុច ចាប់ផ្តើមគឺពុំបានបញ្ជាក់ឲ្យបានច្បាស់ថា តើត្រូវយកទៅឃុំខ្លួននៅកន្លែងណានេះ គឺជាទម្រង់ខុសច្បាប់ហើយប៉ះពាល់ទៅដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមគ្រួសារពុំអាចទៅសួរសុខទុក្ខបាន។
លោកបានបន្តថា៖ «នៅក្នុងករណីនេះយើងមិនហៅថាការបាត់ខ្លួនទេ ប៉ុន្តែយើងហៅថា ការយកមនុស្សទៅលាក់ទុកដោយមន្ត្រីរដ្ឋាភិបាល»។
ទាក់ទិនទៅនឹងការបង្ក្រាបដោយហិង្សានោះក្រសួង ការបរទេស បារំាង បានចេញសេចក្តីថ្លែងការណ៍តាមរយៈស្ថានទូត បារាំង នៅប្រទេស កម្ពុជា ថ្ងៃ ទី៦ ខែ មករា ថា ប្រទេស បារាំង តាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅប្រទេសកម្ពុជា។ ប្រទេស បារាំង សោកស្តាយចំពោះអំពើហិង្សាដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិត មនុស្សជាច្រើន ហើយសូមរំឭកអំពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះសេរីភាពក្នុងការ ធ្វើបាតុកម្មអហិង្សា។
នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖ «ជាការសំខាន់ ដែលការចរចានយោបាយអាចចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័សប្រកបដោយភាព ស្ងប់ស្ងាត់និងការអត់ធ្មត់ ដើម្បីឲ្យភាគីទាំងឡាយអាចធ្វើការរួមគ្នាជាប្រយោជន៍ដល់ដំណើរការ ល្អនៃស្ថាប័ននានា»៕
http://www.postkhmer.com/index.php/national/1-national-news/108868-2014-01-07-03-27-15
Home »
Khmer News
» គ្មានព័ត៌មានពីកន្លែងឃុំខ្លួន វ៉ន ពៅ និង កម្មករ
គ្មានព័ត៌មានពីកន្លែងឃុំខ្លួន វ៉ន ពៅ និង កម្មករ
Written By Unknown on Monday, January 6, 2014 | 11:48 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment