យុវជនចំនួន ៣នាក់ មកពីចលនានិស្សិតបញ្ញវន្តខ្មែរ បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យមួយរយៈខ្លី នៅព្រឹកថ្ងៃទី៩ មករា ហើយក៏ត្រូវបានកងកម្លាំងប្រដាប់អាវុធ និងកងសន្តិសុខជាង ១០០នាក់ មកបណ្ដេញចេញពីទីនោះភ្លាមៗ។
តាមគម្រោង ក្រុមយុវជនដែលមកប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យនេះមានគ្នា ៩នាក់ ប៉ុន្តែទើបតែមកបាន ៣នាក់ប៉ុណ្ណោះ ក៏ត្រូវបានកងកម្លាំងអាជ្ញាធរបំបែកតែម្ដង។
តំណាងចលនានិស្សិតបញ្ញវន្តខ្មែរ លោក ចារ សីហាក់ ថ្លែងថា ពួកគាត់មកប្រមូលផ្ដុំគ្នានេះ គឺអនុលោមតាមបញ្ជារបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលបានប្រកាសហាមការប្រមូលផ្ដុំមនុស្ស ១០នាក់ ទើបពួកលោកសម្រេចគ្រោងជួបតែ ៩នាក់ដូច្នេះ។
លោក ចារ សីហាក់ បន្ថែមថា ការប្រមូលផ្ដុំគ្នានៅថ្ងៃនេះ គឺដើម្បីច្រៀងចម្រៀងអហិង្សា ទាមទារយុត្តិធម៌ឲ្យជនរងគ្រោះស្លាប់និងរបួសក្នុងការបាញ់ប្រហារកាលពីពេលកន្លងទៅ និងការបាញ់សម្លាប់កម្មករដែលធ្វើបាតុកម្មអហិង្សាទាមទារប្រាក់ខែគោល ១៦០ដុល្លារ កាលពីដើមខែមករានេះ ហើយនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ទាក់ទិននឹងការបំបែកការជួបជុំក្រុមយុវជន អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា នេះជាការរំលោភនិងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្រៅពីការបំបែកក្រុមយុវជន អ្នកកាសែតនិងអ្នកសង្កេតការណ៍សិទ្ធិមនុស្សក៏ត្រូវកងកម្លាំងអាជ្ញាធរគំរាមមិនឲ្យថតរូបភាពនិងវីដេអូនៃការបណ្ដេញចេញនោះទេ ហើយថែមទាំងបណ្ដេញពួកគេចេញពីទីលានប្រជាធិបតេយ្យ គឺដេញរហូតដល់ខាងកើតស្ពាននាគ ដោយការប្រើពាក្យគ្រោតគ្រាតនិងអសុរោះ។ ទន្ទឹមនឹងនោះ ក៏មានប៉ូលិសខ្លះពោលពាក្យទន់ភ្លន់ផ្អែមល្ហែមដែរ៕
Home »
Khmer News
» ប៉ូលិសបំបែកយុវជន៣នាក់ប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យ
ប៉ូលិសបំបែកយុវជន៣នាក់ប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យ
Written By Unknown on Thursday, January 9, 2014 | 5:17 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment