Home » » បក្ស​ប្រជាជន​ប្រារព្ធ​ខួប ៧ មករា ពេល​នយោបាយ​ឡើង​កម្តៅ

បក្ស​ប្រជាជន​ប្រារព្ធ​ខួប ៧ មករា ពេល​នយោបាយ​ឡើង​កម្តៅ

Written By Unknown on Monday, January 6, 2014 | 11:56 PM

ភ្នំពេញៈ សមាជិក​គណបក្ស​កាន់​អំណាច​ជាង ១ ម៉ឺន​នាក់​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ កោះ​ពេជ្រ ដើម្បី​អបអរ​សាទរ​ទិវា​ជ័យជម្នះ ៧ មករា នៅ​ថ្ងៃ​នេះ ដែល​អាច​នឹង​បញ្ឆេះ​ភាព​តាន​តឹង​ខាង​នយោបាយ​បន្ថែម​ទៀត​រវាង រដ្ឋាភិបាល និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ខណៈ​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ថ្ងៃ​នេះ​ថា ជា​ការ​ចាប់​ផ្តើម​កាន់​កាប់​កម្ពុជា​ដោយ វៀតណាម ជា​ជាង​ការ​រំដោះ​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម។

ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​បាតុករ​យ៉ាង​ព្រៃផ្សៃ​ដោយ​ការ​បាញ់​ គ្រាប់​ពិត ទៅ​លើ​កម្មករ​កាត់ដេរ​ដែល​ធ្វើ​កូដកម្ម កាល​ពី​ថ្ងៃ​សុក្រ នៅ​ផ្លូវ វ៉េងស្រេង ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤ នាក់ និង​រង​របួស​ជិត ៤០ នាក់​ហើយ​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាន​រង​របួស ៣០ នាក់ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាន​ទៅ​វាយ​បណ្តេញ​អ្នក គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។
សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ហាម​ឃាត់​បាតុកម្ម​ជា​សាធារណៈ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ហិង្សា​នោះ បើ​ទោះ​បី​ជា​ការ​ប្រារព្ធ​ខួប ៧ មករា ជា​ប្រចាំ​ឆ្នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ដោយ​គ្មាន​ការ​រាំង​ ស្ទះ​ក៏​ដោយ។
៧ មករា ឆ្នាំ ២០១៤ នេះ គឺជា​ឆ្នាំ​ខួប​លើក​ទី ៣៥ នៃ​ការ​វាយ​ផ្តួល​រលំ​របប​ខ្មែរ​ក្រហម​ដោយ​កងទ័ព វៀតណាម កាល​ពី​ថ្ងៃ ទី៧ ខែ មករា ឆ្នាំ ១៩៧៩ ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​បាន​ចាត់​ទុក​ថ្ងៃ​នេះ​ថា ជា​ថ្ងៃ​កំណើត​ទី​ពីរ ដែល​បាន​ជួយ​រំដោះ​ប្រជាជន​កម្ពុជា ចេញ​ពី​របប​អាវ​ខ្មៅ​ខ្មែរ​ក្រហម ដែល​បាន​កាប់​សម្លាប់​បង្អត់​អាហារ បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​កម្លាំង ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​អស់​ជិត​ពីរ​លាន​នាក់។
ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​ថ្ងៃ ៧ មករា ថា ជា​ការ​ចាប់​ផ្តើម​នៃ​ការ​កាន់​កាប់​របស់​វៀតណាម​មក​លើ​កម្ពុជា ដែល​គេ​ជឿ​ជាក់​ថា កំពុង​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ក្នុង​ទម្រង់​ជា​ឥទ្ធិពល​នយោបាយ​ពី​ ទីក្រុង ហាណូយ បើ​ទោះ​បី​ជា​មាន​ការ​ដកទ័ព​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ១៩៨៩ ក៏​ដោយ។
ពាក្យ​សម្តី​រិះគន់​ខ្លាំងៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​វៀតណាម​បាន​ទាក់​ទាញ​ទឹក​ចិត្ត​របស់​អ្នក​ បោះឆ្នោត​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​រហូត​ដល់​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា ហើយ​អារម្មណ៍​ប្រឆាំង វៀតណាម ហាក់​ដូច​ជា​កើន​ឡើង​ក្រោយ​ការ​បោះឆ្នោត។
បើ​យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សុក្រ ហាង​កាហ្វេ វៀតណាម មួយ​កន្លែង​នៅ​ផ្លូវ វ៉េងស្រេង បាន​រង​ការ​វាយ​ប្រហារ​និង​លួច​ទ្រព្យ​សម្បត្តិ​ដោយ​បាតុករ។
ហ្វូង​បាតុករ​និង​ពលរដ្ឋ​ក្នុង​អំឡុង​ការ​បង្ក្រាប​ដោយ​នគរបាល​នា​ពេល​ ថ្មីៗ​នេះ ក៏​បាន​ថ្លែង​ផង​ដែរ​ថា ពួកគេ​ជឿ​ជាក់​ថា អាជ្ញាធរ​កំពុង​តែ​ប្រើ​ប្រាស់​មន្រ្តី វៀតណាម ដើម្បី​ប្រព្រឹត្ត​អំពី​ហិង្សា។
គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​ដឹង​អំពី​ភាព​តាន​តឹង​ដែល​នឹង​បង្កើត​ឡើង​ដោយ​ព្រឹត្តិការណ៍​ថ្ងៃ​នេះ។
លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «ការ​បង្ក្រាប​នា​ពេល​ថ្មីៗ​នេះ​លើ​បាតុកម្ម​គឺជា​វិធានការ​មួយ ដើម្បី​បង្ការ​បាតុករ​អនាធិបតេយ្យ​ដែល​អាច​យក​ឱកាស​នេះ​មក​តវ៉ា​ប្រឆាំង​នឹង ​ព្រឹត្តិការណ៍​របស់​យើង និង វៀតណាម»។ លោក​បាន​បន្ថែម​ថា ការ​អបអរ​សាទរ នឹង​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ដែល​បាន​បង្ហាញ​ខ្លួន​ជា​សំឡេង​តែ​ មួយ ក្នុង​ចំណោម​ក្រុម​សិទិ្ធ​មនុស្ស​ប្រឆាំង​នឹង​ពាក្យ​សម្តី​ប្រឆាំង វៀតណាម របស់​គណបក្ស​ប្រឆាំង​នោះ​បាន​ថ្លែង​ថា លោក​ព្រួយ​បារម្ភ​ថា ព្រឹត្តិការណ៍​ហិង្សា​ប្រឆាំង វៀតណាម អាច​កើត​ឡើង​នៅ​ថ្ងៃ​នេះ។ លោក​បន្ថែម​ថា ការ​គំរាម​បន្ត​បង្ក្រាប​របស់​រដ្ឋាភិបាល​ក៏​ជា​ក្តី​បារម្ភ​ផង​ដែរ។ លោក​គិត​ថា៖ «វា​អាច​ទៅ​ទាំង​ពីរ​ផ្លូវ ហើយ​គណបក្ស​ប្រជាជន​អាច​ព្យាយាម​ស្វែង​រក​លេស​មក​បង្ក្រាប​ការ​ជជែក​ដ៏​ ត្រឹម​ត្រូវ​អំពី​ថ្ងៃ​នេះ។ ខ្ញុំ​គិត​ថា ភាគី​ទាំង​ពីរ​ត្រូវ​ចេញ​មុខ​ជា​សាធារណៈ ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ជជែក​ដោយ​សន្តិវិធី»។
មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​ជឿ​ថា ការ​បង្ក្រាប​កាល​ពី​ចុង​សប្តាហ៍​មុន​គឺជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ឡើង ដើម្បី​ធានា​ថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នឹង​មិន​អាច​ប៉ះពាល់​ចំពោះ​ការ​អបអរ​សាទរ​ថ្ងៃ ៧ មករា របស់​គណបក្ស​ប្រជាជន​នោះ​ទេ។
លោក​បន្ត​ថា៖ «ពិត​ណាស់ មាន​ការ​ជាប់​ពាក់​ព័ន្ធ​រវាង​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ។ ការ​ពិត​ដែល​ថ្មីៗ​នេះ​មាន​មហា​បាតុកម្ម​ខ្លាំង​ក្លា​គាំទ្រ​គណបក្ស​ ប្រឆាំង... ដូច្នេះ​នៅ​ពេល​គណបក្ស​ប្រជាជន​ប្រារព្ធ​ថ្ងៃ ៧ មករា ពួក​គេ​ពិត​ណាស់​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​បន្ត​ទៅ​ទៀត​ទេ»។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​រក្សា​ភាព​ស្ងប់​ ស្ងាត់​និង​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​អាជីវកម្ម វៀតណាម។ លោក​បាន​ថ្លែង​បន្ត​ថា៖ «យើង​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ណា​មួយ ហើយ​យើង​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់​គោរព​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍​ អហិង្សា»។
អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម លោក Tran Van Thong បាន​ថ្លែង​ថា ស្ថានទូត​បាន​ទទួល​ព័ត៌មាន​ថា ក្រុម​អ្នក​តវ៉ា «ជាតិ​និយម​ជ្រុល» មួយ​ចំនួន​បាន​វាយ​ប្រហារ​ទៅ​លើ​ហាង​អាជីវកម្ម​មួយ​ចំនួន​ដែល​ជា​កម្មសិទ្ធិ ​របស់​ជនជាតិ វៀតណាម បន្ទាប់​ពី​ការ «ញុះញង់» នោះ។ «យើង​មិន​បារម្ភ​អំពី​អារម្មណ៍​ប្រឆាំង​ជនជាតិ វៀតណាម របស់​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​គ្រប់​គ្រង​ប្រទេស​ស្រប​ទៅ​តាម​ច្បាប់ ហើយ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ចិត្ត​ល្អ​ជាមួយ​ប្រជាជន វៀតណាម»។
ប៉ុន្តែ​លោក សឺន ស៊ូប៊ែរិ៍្ត ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​ទីប្រឹក្សា​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី បាន​ថ្លែង​ថា លោក​ជឿ​ថា បាតុករ​ទាំង​អស់​នោះ​មិន​អាច​គ្រប់​គ្រង​បាន​ដោយ​ការ​ហាម​ឃាត់​របស់​គណបក្ស​ ទេ។
លោក បាន​បន្ត​ថា៖ «អ្នក​មិន​អាច​គ្រប់​គ្រង​ពួក​គេ​បាន​ទេ។ ដូច្នេះ​ប្រសិន​បើ​ពួក​គេ​ចង់​បង្ហាញ​អំពី​អារម្មណ៍​របស់​ពួក​គេ​ពួក​គេ​អាច ​ធ្វើ​វា​ដោយ​ខ្លួន​ឯង»៕ TK/PS
Share this article :

0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. bongthomkh - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger